រសៀលថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សាអំពីប្រធានបទនៃការស្រាវជ្រាវសម្រាប់ក្រុមការងារ ដោយផ្តោតជាសំខាន់ទៅលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១)-បញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងនៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី, (២)-ការបណ្តុះបណ្តាលនៅសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា និង (៣)-ស្ថានភាពនៃការបង្រៀនច្បាប់នៅកម្រិតសាកលវិទ្យាល័យ។