នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ថវិកាសមិទ្ធកម្ម» ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានការសហការរវាងក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ លើប្រធានបទចំនួន ៦ រួមមាន៖
-ប្រធានបទទី១៖ «ទស្សនទាន និងគោលការណ៍ នៃថវិកាសមិទ្ធកម្ម»
-ប្រធានបទទី២៖ «ការបង្កើតរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម»
-ប្រធានបទទី៣៖ «ការរៀបចំគម្រោងថវិកាសមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន»
-ប្រធានបទទី៤៖ «ការរៀបចំរបាយការណ៍ និងការតាមដាន និងការវាយតម្លៃ» -ប្រធានបទទី៥៖ «ការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌»
-ប្រធានបទទី៦៖ «រចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម និងសូចនាករគន្លឹះក្នុងវិស័យយុត្តិធម៌» ។
មិនត្រឹមតែប៉ុណ្ណោះ វគ្គបណ្តុះបណ្តាលនេះ ក៏ជាវេទិកាមួយក្នុងការជជែកពិភាក្សាប្រមូលធាតុចូល ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌កាន់តែឆ្លើយតបនឹងគោលបំណងគោលនយោបាយ និងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដេីម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាចុងក្រោយ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានលើកទឹកចិត្ត និងស្នើដល់អង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ -ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ,ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) -ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ដែលទើបបានប្រកាសឱ្យប្រើនាពេលថ្មីៗនេះ។