ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែឧសភា គ.ស. ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ , ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានដឹកនាំក្រុមការងារ ដេីម្បីជួបពិភាក្សាការងារជាមួយគណៈប្រតិភូនគរបាលសហព័ន្ធអូស្រ្តាលី (AFP) នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ,តំណាងអយ្យការនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ , តំណាងនគរបាលសហព័ន្ធអូស្រ្តាលី និងក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គម្រោងមេគង្គអូស្រ្តាលីលេីឧក្រិដ្ឋកម្មឆ្លងដែន។
ជំនួបនេះ បានពិភាក្សាលើការងារទាក់ទងនឹងការបណ្តុះបណ្តាលពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាញដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងបានលើកឡើងអំពីការពង្រឹងធនធានមនុស្ស និងបង្កើនសមត្ថភាពមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធករណីខាងលើ ពិសេសក្នុងករណីឧក្រិដ្ឋកម្មឆ្លងដែន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក៏បានថ្លែងអំណរគុណចំពោះអូស្រ្តាលីដែលបានផ្តល់ជាកិច្ចសហការឧបត្ថម្ភគាំទ្រលើកិច្ចការពាក់ព័ន្ធ នឹងការបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្រ្តីអនុវត្តច្បាប់លេីការងារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាញដល់ការរីកសាយភាយអាវុធមហាប្រល័យកន្លងមក និងស្នេីសុំអូស្រ្តាលីដេីម្បីបន្តគាំទ្រលេីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់បន្តទៀតក្នុងពេលអនាគត។