នាយប់ថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ៣ រូប ចូលរួមកិច្ចប្រជុំពេញអង្គនៃបណ្តាញយុត្តិធម៌នៅអាស៊ីអាគ្នេយ៍ (South East Asia Justice Network - SEAJust) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ និងដែលមានរបៀបវារៈសំខាន់ផ្តោតលើការពិភាក្សាអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ព្រមទាំងការចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យព្រហ្មទណ្ឌ ជាពិសេស ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងបណ្តាប្រទេសជាសមាជិកនៃបណ្តាញយុត្តិធម៌នៅអាស៊ីអាគ្នេយ៍។ កិច្ចប្រជុំពេញអង្គនេះសហការរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំពេញអង្គនេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និងប្រធានគណៈប្រតិភូនៃប្រទេស ជាសមាជិកផ្សេងទៀត ក៏បានជួបសម្តែងការគួរសមជាមួួយ ឯកឧត្តម Han Dong Hoon រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋកូរ៉េ និងព្រមទាំងបានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា ដើម្បីចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាមួយក្រសួងយុត្តិធម៌កូរ៉េ ដែលដឹកនាំ ដោយ លោក Lee Ji Hyung នាយកកិច្ចការព្រហ្មទណ្ឌអន្តរជាតិ។