ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ

នាថ្ងៃ ព្រហស្បត្តិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ។ ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ មានរយៈពេល ៤ ថ្ងៃ ដោយភាគីក្រសួងយុត្តិធម៌កម្ពុជា និងកូរ៉េខាងត្បូង បានធ្វើវិបស្សនា និងសិក្ខាសាលារួមគ្នា ពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍយន្តការសន្ធានកម្ម លើប្រធានបទសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

    ១-ការរៀបចំក្របខណ្ឌច្បាប់ និងឬគោលនយោបាយ ស្តីពីសន្ធានកម្ម

    ២-ការរៀបចំនិងអនុវត្តយន្តការសន្ធានកម្មភ្ជាប់នឹងតុលាការ

    ៣-ការរៀបចំនិងអនុវត្តយន្តការសន្ធានកម្មសហគមន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខាងភាគីក្រសួងយុត្តិធម៌កូរ៉េ នឹងដឹកនាំប្រតិភូមកធ្វើវិបស្សនា និងសិក្ខាសាលារួមគ្នាជាមួយភាគីកម្ពុជាវិញម្តង នៅខេត្តសៀមរាប ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។