នាថ្ងៃសុក្រ ២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យុត្តិធម៌ ដែលជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់ការផ្ទេរទណ្ឌិតថៃ និងឡាវនៃក្រសួងយុត្តិធម៌បានបន្តដឹកនាំក្រុមការងារ ដើម្បីចុះសម្ភាសន៍ទណ្ឌិតក្នុងគោលបំណងបញ្ជាក់អំពីការយល់ព្រមលើការផ្ទេរ និងលើរាល់បច្ច័យនៃការផ្ទេរដោយទណ្ឌិតឡាវទាំងនោះដែលត្រូវបានប្រមូលផ្តុំមកពីមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមបណ្តាខេត្តនានាមកជុំគ្នានៅមណ្ឌលអប់រំកែប្រែទី៣។ ការចុះសម្ភាសន៍ទណ្ឌិតឡាវដោយផ្ទាល់នេះ មានការចូលរួមពីតំណាងស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមព្រះរាជអាជ្ញា និងតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ប្រធាននិងថ្នាក់ដឹកនាំនៃមណ្ឌលអប់រំកែប្រែទី៣ ព្រមទាំងមន្ត្រីនៃក្រសួងយុត្តិធម៌។
ការយល់ព្រមដោយទណ្ឌិតលើការផ្ទេរការអនុវត្តទោសរបស់ខ្លួនពីប្រទេសកម្ពុជា ទៅបន្តអនុវត្តទោសនៅប្រទេសសាមីគឺជាលក្ខខណ្ឌតម្រូវជាមូលដ្ឋាននៃការផ្ទេរទណ្ឌិត ហើយការរៀបចំផ្ទេរទណ្ឌិតជាកញ្ចប់លើកនេះ គឺកើតចេញពីការសម្របសម្រួល និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យទណ្ឌិតឡាវ បានវិលត្រឡប់ទៅបន្តអនុវត្តទោសរបស់ខ្លួននៅប្រទេសឡាវដែលជាប្រទេសកំណើត និងនៅជិតក្រុមគ្រួសារនិងញាតិមិត្តរបស់ខ្លួន ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសទាំងពីរ។