រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Jon Åström Gröndahl ឯកអគ្គរាជទូតស៊ុយអែត និង លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការងារមួយចំនួនរួមមាន កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងកិច្ចសន្ទនាទូទៅពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រមទាំងការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងយុត្តិធម៌ និងព្រះរាជាណាចក្រស៊ុយអែត ក៏ដូចជាព្រះរាជាណាចក្រន័រវែស ផងដែរ។