ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR)

    រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR) ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖

     ១. ពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រសួងយុត្តិធម៌ និងការិយាល័យ UN-OHCHR

     ២. រៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការបន្តរវាងក្រសួងយុត្តិធម៌ និងការិយាល័យ UN-OHCHR ដោយបានដាក់ចេញជាផែនការ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៣។

    កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសហប្រធាន អ្នកស្រី Roueida El Hage ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR) និងមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានអង្គភាពពាក់ព័ន្ធទាំងអស់របស់ក្រសួងយុត្តិធម៌។