ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារវាយតម្លៃភាពគំរាមកំហែង(វិស័យទី១) នៃអនុគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

   ថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចរបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារវាយតម្លៃភាពគំរាមកំហែង(វិស័យទី១) នៃអនុគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលក្រុមការងារនេះដឹកនាំដោយក្រសួងយុត្តិធម៌។

    កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមការងារដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីណែនាំសមាជិកក្រុមការងារក្នុងការត្រៀមលក្ខណៈរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃហានិភ័យសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជូនអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិ ក៏ដូចជាការចូលរួមរៀបចំរបាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី២ និងរៀបចំផែនការយុទ្ធសាស្រ្តបន្តពីផែនការថ្នាក់ជាតិឆ្នាំ២០១៩-២០២៣។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានលើកឡើងអំពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ រួមទាំងផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ២០១៩-២០២៣ និងបានស្នេីសុំតំណាងស្ថាប័នពាក់ព័ន្ធប្រមូលទិន្នន័យភាពគំរាមកំហែងដែលពាក់ព័ន្ធនឹងស្ថាប័នខ្លួនមកក្រសួងយុត្តិធម៌ដោយកំណត់ត្រឹមក្រោយOn-site-visit ហើយលោក សេង ពុទ្ធី ប្រធាននាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ក៏បានចូលរួមធ្វើបទបង្ហាញអំពីវិធីសាស្រ្តក្នុងការវាយតម្លៃលើការគំរាមកំហែងលើការសម្អាតប្រាក់ និងណែនាំអំពីឧបករណ៍សម្រាប់វាយតម្លៃហានិភ័យ ព្រមទាំងវិធីសាស្រ្តក្នុងការវិភាគទិន្នន័យ។