ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំក្រុមការងារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីត្រៀមសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ រវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ បានអញ្ជើញដឹកនាំដឹកនាំក្រុមការងារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីត្រៀមសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌កម្ពុជា, អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌ជប៉ុន, អ្នកជំនាញការច្បាប់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួមជាមួយប្រតិភូអមដំណើរមកពីប្រទេសជប៉ុនចំនួន ៩រូប។

    កិច្ចប្រជុំនេះ បានធ្វើការធ្វើការសម្តែងការគួរសម និងពិភាក្សាលើកិច្ចការសំខាន់ៗ ចំនួន ៤ ចំណុច រួមមាន៖ ១. ការណែនាំខ្លួន និងបង្ហាញនូវសមាសភាពជំនាញការច្បាប់របស់ប្រទេសជប៉ុន ២. ការបញ្ជាក់នូវជំហរគាំទ្រក្នុងការផ្តល់កិច្ចសហប្រតិបត្តិការរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌ប្រទេសជប៉ុន លើការកសាងសមត្ថភាពមន្ត្រីរាជការ និងការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ លើប្រធានបទច្បាប់ផ្សេងៗ បន្ថែមពីលើជំនាញច្បាប់រដ្ឋប្បវេណី។ ៣. ការពិនិត្យលើផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយ JICA ដែលនឹងត្រូវអនុវត្តនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់រយៈពេល ៥ឆ្នាំ។ ៤. ការរៀបចំសម្រាប់ពិធីប្រកាសចាប់ផ្តើមដំណើរការគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។