នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាននិងបញ្ហាប្រឈម ដែលរៀបចំឡើងដោយអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យ៉ូណេស្កូ-UNESCO) នៅសណ្ឋាគារ Hayatt Regency រាជធានីភ្នំពេញ។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១). លើកកម្ពស់យល់ដឹងអពីផែនការសកម្មភាពនេះ (២). កំណត់ស្តង់ដារនៃការរៀបចំគោលនយោបាយ និងច្បាប់ (៣). រៀបចំយន្តការតាមដាននិងរាយការណ៍ (៤). កសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ (៥). ធ្វើការរសិក្សាស្រាវជ្រាវ និង (៦). កសាងសម្ព័ន្ធភាព ព្រមទាំងជំហានបន្តបន្ទាប់ដែលស្របនឹងចំណុចដៅទី១០ នៃគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដើម្បីធ្វើឱ្យតួនាទីនៃការបញ្ចេញមតិដោយសេរី និងការទទួលបានព័ត៌មានជាបុរេលក្ខខណ្ឌ និងកត្តាដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស។