ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ

     ទីស្តីការក្រសួងយុត្តិធម៌៖ នាថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ព្រមទាំងការដាក់ចេញនូវដំណោះស្រាយដែលជាទិសដៅបន្ថែមទៀតក្នុងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងសមាសភាពនៃគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងគណៈកម្មការរៀបចំដំណើរការតុលាការការងារ។ ក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន និងសមាជិក សមាជិការនៃគណៈកម្មការទាំងពីរ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យតុលាការពាណិជ្ជកម្ម និងតុលាការការងារ អាចនឹងត្រូវដាក់ឱ្យដំណើរការដោយរលូននាពេលខាងមុខ។