ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងត្រួតពិនិត្យការយល់ដឹងអំពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ»

 

    នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២, ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងត្រួតពិនិត្យការយល់ដឹងអំពី "ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ"។

    សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់សារការីដែលជាបុគ្គលរាយការណ៍អំពី «ច្បាប់ស្តីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ» និងដើម្បីជាការត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការទទួលការចុះ On-site Visit របស់ក្រុមការងារ FATF (Financial Action Task Force) នៅកម្ពុជា ដែលគ្រោងនឹងធ្វើនៅខែមករា ឆ្នាំ២០២៣ ខាងមុខ។