ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្មក្នុងម៉ូឌុលទី៣ អំពីការរឹបអូស និងការគ្រប់គ្រងផលនៃបទល្មើស នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប

    សៀមរាប ៖ នាព្រឹកថ្ងៃច័ន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្មក្នុងម៉ូឌុលទី៣ អំពីការរឹបអូស និងការគ្រប់គ្រងផលនៃបទល្មើស នៅសណ្ឋាគារដសុខាល័យ ខេត្តសៀមរាប។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ដោយទទួលការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

    វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ចៅក្រម តំណាងអយ្យការ និងមន្រ្តីនគរបាលយុត្តិធម៌ដែលអញ្ជើញមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ដោយផ្តោតសំខាន់លើបច្ចេកទេសនៃការស៊ើបអង្កេត និងស្រាវជ្រាវរកភស្តុតាងតាមរយៈការកំណត់អំពីប្រភពនៃទ្រព្យ និងឧបករណ៍មធ្យោបាយទាំងឡាយដែលពាក់ព័ន្ធនឹងបទល្មើស ជាពិសេសក្នុងបទល្មើសសម្អាតប្រាក់ ។