រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២២) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្តីគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចងចាំជានិច្ចព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះករុណា “ព្រះបរមរតនកោដ្ឋ” និងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីជាតិ និងប្រជារាស្ត្រ។