ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អង្គកឋិនទានសាមគ្គីរបស់ក្រសួងយុត្តិធម៌ បានដង្ហែវេរប្រគេនព្រះសង្ឃគង់នៅវត្តមុន្នីវង្សារាម ស្ថិតក្នុងឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង

   

    នាវេលាម៉ោង ១ រសៀល ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២, លោកជំទាវ ឡុង ចិន្តាមុន្នី និងលោកជំទាវ យ៉េត ម៉ូលីន បានអញ្ជើញដឹកនាំការដង្ហែអង្គកឋិនទានសាមគ្គីដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅពទ្ធសីមាវត្តមុន្នីវង្សារាម (ហៅវត្តព្រៃស្រឡិត) ស្ថិតក្នុងភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីសាងសង់ព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងទៀត។ អង្គកឋិនទានដែលដង្ហែនាពេលនេះគឺផ្តួចផ្តើមឡើងដោយ ឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងលោកជំទាវ ព្រមទាំងបុត្រ, ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ ព្រមទាំងបុត្រ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងបុត្រ រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី។

    ពិធីដង្ហែអង្គកឋិនទានសាមគ្គីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៅតាមសាលាជម្រះក្តី, ចៅក្រម, ព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាននៃឃុំព្រៃស្រឡិត រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

    បន្ទាប់ពីការវេរអង្គកឋិនទានសាមគ្គីប្រគេនព្រះសង្ឃ, លោកជំទាវ ឡុង ចិន្តាមុន្នី យ៉េតចរិយា និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ ក៏បានធ្វើការចែកសម្ភារសិក្សាទៅដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាព្រៃស្រឡិតចំនួន ១៦៨ រូបផងដែរ។