ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្ស វឌ្ឍានា និង ឯកឧត្តម កើត រិទ្ធ បានអញ្ជើញដឹកនាំការដង្ហែអង្គកឋិនទានសាមគ្គីដើម្បីវេរប្រគេនព្រះសង្ឃគង់នៅវត្តជោតិការាម ស្ថិតក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង

    មោងឫស្សី: នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំការដង្ហែអង្គកឋិនទានសាមគ្គីដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅពទ្ធសីមាវត្តជោតិការាម (ហៅវត្តព្រះធាតុ) ស្ថិតក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីសាងសង់ព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងទៀត។
    ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៅតាមសាលាជម្រះក្តី, ចៅក្រម, ព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាននៃស្រុកមោងឫស្សី រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕