ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានអញ្ជើញចូលរួម​ពិធីចុះហត្ថលេខាលើ នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពី«កិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់​» រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រថៃ នាទីក្រុងបាងកក

    ទីក្រុងបាងកក ៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នឹងថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងនាមគណៈប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចូលរួមជួបប្រជុំទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការចុះហត្ថលេខាលើ នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពី ”កិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ “ នៅសណ្ឋាគារ Sukosol ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ រយ:ពេល២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២។

    សមាសភាពនៃគណ:ប្រតិភូព្រះរាជាណាចក្រកម្ពុជាមាន ថ្នាក់ដឹកនាំពី អន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ អង្គការដៃគូពាក់ព័ន្ធ មានប្រធានបេសកកម្ម និងសហការីរបស់អង្គការ IOM ប្រចាំកម្ពុជា និងថៃ, អង្គការ IJM ប្រចាំកម្ពុជា និងថៃ, អង្គការ ASEAN-ACT ប្រចាំកម្ពុជា និងថៃ ចូលរួមកិច្ចប្រជុំជាមួយជាប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលថៃ សមាសភាពនៃរាជរដ្ឋាភិបាលប្រទេសថៃ មានលោកជំទាវ Rarung Worawat អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស លោក Pravit Roykeaw តំណាងអគ្គរដ្ឋអាជ្ញា ប្រធានគណៈប្រតិភូតំណាងពីក្រសួងការងារ និងកិច្ចការសង្គម តំណាងស្ថាប័នកិច្ចការអ្នកច្បាប់ ក្រុមការងារបច្ចេកទេសពាក់ព័ន្ធការអនុវត្តច្បាប់ ។

    ឆ្លងតាមការពិនិត្យ និងពិភាក្សាដែលបានធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជនរងគ្រោះ រហូតទទួលបានការយល់ព្រម និងឯកភាពគ្នា ជាលទ្ធផលរួមដូចខាងក្រោម៖ ១. ការពិនិត្យ និងពិភាក្សាសម្រេចលេី នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ ២.ការចុះហត្ថលេខាទ្វេភាគីលេីនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ និង ៣.ការរៀបចំផែនការសកម្មភាពការងារកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់សម្រាប់ឆ្នាំ២០២២-២០២៤ ។