ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យបេក្ខជន និងបេក្ខនារី ជ័យលាភីអាហារូបករណ៍ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) ចំនួន ២៤ រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុនចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន

      នៅរសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារី ជ័យលាភីអាហារូបករណ៍ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) ឆ្នាំសិក្សា ២០២២-២០២៤ ចំនួន ២៤ រូប ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី មុនពេលចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន។

      នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេក្ខជន-បេក្ខនារី ទាំងអស់ ក្នុងការប្រកួតប្រជែងរហូតក្លាយជាជ័យលាភីអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម តាន់ ហ៊ាងដាវ័ណ្ណ អគ្គនាយកនៃក្រសួងយុត្តិធម៌ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងនាមជាអតីតនិសិ្សតអាហាររូបករណ៍ដែលបានទៅសិក្សានៅបរទេស និងបានផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងពីបរទេស ដើម្បីចូលរួមជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ។

      ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ ឱ្យចេះរួមសាមគ្គីគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ដូចពាក្យស្លោកដែលពោលថា «ចង្កឹះមួយគេកាច់បាក់ ចង្កឹះមួយបាច់គេកាច់មិនបាក់» និង «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ព្រមទាំង ជូនពរដល់ បេក្ខជន បេក្ខនារី ទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា។