ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនក្រុងពាលី ដើម្បីបើកការដ្ឋានជួសជុលអគារសាលាយុត្តិធម្ម ដែលមានអាយុកាលជិតមួយសតវត្សរ៍

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀត បានរៀបចំពិធីសែនក្រុងពាលី ដើម្បីបើកការដ្ឋានជួសជុលអគារទីស្តីការក្រសួងយុត្តិធម៌ (សាលាយុត្តិធម្ម) ដែលមានអាយុកាលជិតមួយសតវត្សរ៍។ អគារនេះ ត្រូវបានកសាង និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា ដែលគិតត្រឹមឆ្នាំ២០២២ អគារនេះមានអាយុកាលជាង ៩៧ឆ្នាំហើយ។

    ដោយពិនិត្យឃើញថាអគារនេះមានសភាពទ្រុឌទ្រោម, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តួចផ្តើមរៀបចំជួសជុលឡើងវិញនូវអគារសាលាយុត្តិធម្មនេះ ដោយរក្សានូវទ្រង់ទ្រាយ និងរចនាបទដើមនៃអគារទាំងស្រុង ដើម្បីអភិរក្សសំណង់ប្រវត្តិសាស្ត្រនេះឱ្យបន្តប្រើប្រាស់បានយូរអង្វែងតទៅទៀត។