ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ប៉ែន សុមេធា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើកទី១ ស្តីពី «មូលដ្ឋានគ្រឹះនៃជំនាញសន្ធានកម្ម»

    នាព្រឹក ថ្ងៃ ចន្ទ ៥ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ប៉ែន សុមេធា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើកទី១ ស្តីពី «មូលដ្ឋានគ្រឹះនៃជំនាញសន្ធានកម្ម» ។ វគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ូច សោភ័ណ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិ នៃអង្គការនារីដើម្បីសន្តិភាព ព្រមទាំងសហការី ។

    វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាងនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន និងអង្គការនារីដើម្បីសន្តិភាព ក្រោមជំនួយរបស់អង្គការ DANMISSION ដល់សិក្ខាកាមជា មន្ត្រីនៃក្រសួងយុត្តិធម៌ មន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកជំនាញច្បាប់ ចំនួន ១៣ រូប ដើម្បីធ្វើការបំពាក់បំប៉ន់បន្ថែមទាំងទ្រឹស្តី និងលំហាត់អនុវត្ត ក្នុងគោលដៅជម្រុញសិក្ខាកាមក្លាយជាគ្រូបង្គោលសន្ធានកម្ម។

    ក្នុងដំណើរការបណ្តុះបណ្តាលគ្រូបង្គោល នឹងរៀបចំឡើងជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១-ការសិក្សាលើផ្នែកទ្រឹស្តីសន្ធានកម្ម សរុប ៤០ ម៉ោង ដំណាក់កាលទី២-ការបណ្តុះបណ្តាលកម្រិតខ្ពស់ ដោយធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ជាគ្រូជំនាញសន្ធានកម្មមកពីមជ្ឈមណ្ឌលសន្ធានកម្មនៃប្រទេសអូស្រ្តាលី ស្របតាមស្តង់ដារអន្តរជាតិ NMAS និងដំណាក់កាលទី៣-ការប្រឡងបញ្ចប់។