ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

បាឋកថាអន្តរជាតិស្តីពី «សហកម្មសិទ្ធិក្នុងបរិបទនៃបម្រែបម្រួលទីក្រុង បរិស្ថាន និងឌីជីថល» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបាឋកថាអន្តរជាតិស្តីពី «សហកម្មសិទ្ធិក្នុងបរិបទនៃបម្រែបម្រួលទីក្រុង បរិស្ថាន និងឌីជីថល» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

    បាឋកថាអន្តរជាតិនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសាស្ត្រាចារ្យ វាគ្មិនជាតិ វាគ្មិនអន្តរជាតិ ចៅក្រម ព្រះរាជអាជ្ញា មេធាវី សារការី រួមទាំងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងនិស្សិត ជាច្រើនរូបផ្សេងទៀត។ បាឋកថាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, រដ្ឋបាលតំបន់ Auvergne-Rhône-Alpes, ឧត្តមក្រុមប្រឹក្សាសារការីបារាំង, សាកលវិទ្យាល័យ Jean Moulin Lyon 3, សាកលវិទ្យាល័យ McGill, សាកលវិទ្យាល័យ Hassan 1er, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, មជ្ឈមណ្ឌលបណ្តុះបណ្តាលច្បាប់ក្នុងវិស័យអចលនវត្ថុ Edilaix, មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ភូមិបាល និងសហគមន៍ប្រកបដោយចីរភាព នៃប្រទេសកាណាដា, មន្ទីរសារការី Quebec, មន្ទីរសារការីម៉ារ៉ុក។

    មានប្រសាសន៍ក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា បាឋកថាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅក្នុងទ្វីបចំនួន ៤ ក្នុងនោះមានទ្វីបចំនួន ៣ ត្រូវបានរៀបចំរួចមកហើយ រួមមាន៖ (១)-ទ្វីបអាមេរិក ដែលបានប្រព្រឹត្តទៅនៅប្រទេសកាណាដា, (២)-ទ្វីបអាហ្វ្រិក ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ារ៉ុក, (៣)-ទ្វីបអឺរ៉ុប ដែលបានប្រព្រឹត្តទៅនៅប្រទេសបារាំង ហើយសម្រាប់ទ្វីបទី៤ គឺទ្វីបអាស៊ី, បាឋកថាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជា សម្រាប់រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំបាឋកថាអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកច្បាប់រួមមាន ចៅក្រម ព្រះរាជអាជ្ញា សារការី មេធាវី និងមន្ត្រីជំនាញ ព្រមទាំងសាស្ត្រាចារ្យជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសនានា ដែលមានប្រព័ន្ធគតិយុត្តខុសៗគ្នានៅជុំវិញពិភពលោក មកពិភាក្សាគ្នា និងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ លើប្រធានបទដ៏មានសារៈសំខាន់មួយចំនួនពាក់ព័ន្ធនឹង សហកម្មសិទ្ធិក្នុងបរិបទនៃបម្រែបម្រួលទីក្រុង បរិស្ថាន និងឌីជីថល សំដៅ ម្យ៉ាង ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ជាធាតុចូលបន្ថែមដល់សិស្ស និស្សិត អ្នកវិជ្ជាជីវៈច្បាប់និងតុលាការ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ទាំងអស់ និងម្យ៉ាងទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងប្រធានបទនានាដែលវាគ្មិនទាំងអស់លើកយកមកពិភាក្សា។ បាឋកថាអន្តរជាតិដ៏មានសារសំខាន់នេះ ក៏ជាផ្នែកមួយនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង, ប្រទេសកាណាដា និងប្រទេសម៉ារ៉ុក លើការងារបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងជាការផ្តល់នូវធាតុចូលបន្ថែមដល់អ្នកវិជ្ជាជីវៈច្បាប់និងតុលាការ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញទទួលបន្ទុកការងារនីតិកម្មរបស់កម្ពុជាផងដែរ។