ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូឧត្តមក្រុមប្រឹក្សាសារការីបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃពុធ ១៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូឧត្តមក្រុមប្រឹក្សាសារការីបារាំង ដែលដឹកនាំដោយ លោកសារការី Jean DELEAGE តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អមដោយ លោកសារការី Marc GIRARD តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំងទទួលបន្ទុកការងារសន្ធានកម្ម និងលោកជំទាវ Béatrice BALIVET សាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យហ្សង់ម៉ូឡាំងលីយ៉ុង ៣ និងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

     នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូឧត្តមក្រុមប្រឹក្សាសារការីបារាំង បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសារការីបារាំង លើការងារមួយចំនួន រួមមាន៖ (១)-ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី និងសេចក្តីព្រាងក្រមសីលធម៌វិជ្ជាជីវៈសារការី, (២)-ការរៀបចំក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងសន្ធានកម្ម និងវិជ្ជាជីវៈសន្ធានការី និង (៣)-ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធវិជ្ជាជីវៈសារការី និងវិជ្ជាជីវៈសន្ធានការី។