ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមកិច្ចជំនួបពិភាក្សាដេញដោលនិងផ្សាយជាសាធារណៈ ជាមួយសង្គមស៊ីវីលនិងអ្នកសារព័ត៌មាន អំពីបញ្ហាសិទ្ធិមនុស្សនិងយុត្តិធម៌នៅកម្ពុជា។

នាព្រឹកថ្ងៃពុធ ១កើត ខែអាសឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី " វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា" នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជជែកពិភាក្សាដេញដោល និងផ្សាយផ្ទាល់ជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនលើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក ក្នុងគោលដៅបង្ហាញអំពីតម្លាភាព និងគណនេយ្យភាព នៃកិច្ចខិតខំប្រឹងរបស់ក្រសួងយុត្តិធម៌ ជាពិសេសក្រោមអាណត្តិដឹកនាំរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាយុត្តិធម៌សាធារណៈជូនប្រជាពលរដ្ឋ។ នេះជាកម្មវិធីលើកដំបូង រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។