ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ» វគ្គទី២ ជូនចៅក្រម ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានី ខេត្ត។

 

        នាព្រឹក ថ្ងៃចន្ទ ១៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាសបេីកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ» វគ្គទី២ ដែលសហការរៀបចំឡេីងរវាងក្រសួងយុត្តិធម៌ និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលតំណាងដោយ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា និងក្រោមមូលនិធិឧបត្ថម្ភរបស់ INL Fund សហរដ្ឋអាមេរិក។

        សិក្ខាសាលាពិគ្រោះយោបល់ វគ្គទី២នេះរៀបចំឡេីងបន្ទាប់ពីសិក្ខាសាលាវគ្គទី១ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ហេីយវគ្គទី២នេះ គឺរៀបចំសម្រាប់ចៅក្រម ព្រះរាជអាជ្ញា ចំនួន ៦០រូបផ្សេងទៀត ដែលអញ្ជើញមកពី សាលាដំបូងរាជធានី ខេត្ត ចំនួន២៥ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺទី៣០-៣១ ខែឧសភា ឆ្នាំ២០២២។

       គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះវគ្គទី២នេះ គឺដេីម្បីប្រមូលមតិ យោបល់ ចំណេះដឹងបទពិសោធន៍ជោគជ័យល្អៗបន្ថែមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញាចំនួន៦០រូបបន្ថែមទៀត ដេីម្បីអោយធាតុចូល ទៅក្នុងសេចក្តីព្រាងគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជាកាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ។ ឯកសារគោលការណ៍ណែនាំនេះនឹងក្លាយជាឯកសារជំនួយដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ សម្រាប់ដោះស្រាយរឿងក្តីជួញដូរសត្វព្រៃខុសច្បាប់ ដែលទេីបតែត្រូវបានបង្កេីតដំបូងអោយមានឡេីងនៅក្នុងប្រវត្តិនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។

        ខ្លឹមសារដែលត្រូវយកមកពិគ្រោះយោបល់ផ្ដោតជាចម្បងលើការគ្រប់គ្រងផ្នែកស៊ើបអង្កេត ការចោទប្រកាន់និងការផ្ដន្ទាទោស ក្នុងរឿងក្តីជួយដូរសត្វព្រៃដែលក្នុងនោះមានដូចជា តួនាទីសកម្មរបស់ព្រះរាជអាជ្ញាក្នុងការដឹកនាំសម្របសម្រួលកិច្ចស៊ើបអង្កេត ការរៀបចំផែនការច្បាស់លាស់និងការគ្រប់គ្រងហានិភ័យនៃកិច្ចស៊ើបអង្កេត ដើម្បីធានាដល់ការចោទប្រកាន់ ក៏ដូចជាការការពារក្តីនាពេលសវនាការ ក្នុងនោះក៏រួមបញ្ចូលទាំងការប្រើប្រាស់អ្នកជំនាញផ្នែកសត្វព្រៃផងដែរ។

       ជាមតិផ្តាំផ្ញេីចុងក្រោយ លោកជំទាវអនុរដ្ឋលេខាធិការ បានជំរុញនិងលេីកទឹកចិត្ត លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អោយខិតខំយកចិត្តទុកដាក់ ប្រមូលពូនផ្តុំនូវរាល់ចំណេះដឹងនិងបទពិសោធន៍ល្អៗនិងជោគជ័យនាពេលកន្លងដេីម្បីមកចាក់បញ្ចូលជាធាតុចូលចាំបាច់និងមានសារៈសំខាន់ក្នុងការរៀបចំបង្កើតខ្លឹមសារគោលការណ៍ណែនាំអំពីការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជាដែលនឹងត្រូវចងក្រងជាសៀវភៅណែនាំសម្រាប់ជាឯកសារជំនួយដល់ការអនុវត្តការងាររបស់ លោក លោកស្រី ចៅក្រម និងព្រះរាជអាជ្ញា ទាំងអស់នៅក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ។