ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញប្រកាសបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ» ជូនចៅក្រម ព្រះរាជអាជ្ញា ចំនួន ៦០រូប ដែលអញ្ជើញមកពី ២៥ សាលាដំបូងរាជធានី ខេត្ត។

        នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាសបេីកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ» ដែលសហការរៀបចំឡេីងរវាងក្រសួងយុត្តិធម៌ និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលតំណាងដោយ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា និងក្រោមមូលនិធិឧបត្ថមរបស់ INL Fund សហរដ្ឋអាមេរិក។

        សិក្ខាសាលាពិគ្រោះយោបល់ នេះមានការចូលរួមពីចៅក្រម ព្រះរាជអាជ្ញា ចំនួន ៦០រូប ដែលអញ្ជើញមកពី ២៥ សាលាដំបូងរាជធានី ខេត្ត ហេីយដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២។

        គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះគឺដេីម្បីប្រមូលមតិ យោបល់ ចំណេះដឹងបទពិសោធន៍ជោគជ័យល្អៗរបស់ លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញាដែលជាធាតុចូលបន្ថែមទៅក្នុងសចក្តីព្រាងគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជាដែលឯកសារនេះនឹងក្លាយជាឯកសារជំនួយដំបូងដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ សម្រាប់ដោះស្រាយរឿងក្តីជួញដូរសត្វព្រៃខុសច្បាប់ ដែលទេីបតែត្រូវបានបង្កេីតអោយមានឡេីងនៅក្នុងប្រវត្តិនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។

        ខ្លឹមសារដែលត្រូវយកមកពិគ្រោះយោបល់ផ្ដោតជាចម្បងលើការគ្រប់គ្រងផ្នែកស៊ើបអង្កេត ការចោទប្រកាន់និងការផ្ដន្ទាទោស ក្នុងរឿងក្តីជួយដូរសត្វព្រៃដែលក្នុងនោះមានដូចជា តួនាទីសកម្មរបស់ព្រះរាជអាជ្ញាក្នុងការដឹកនាំសម្របសម្រួលកិច្ចស៊ើបអង្កេត ការរៀបចំផែនការច្បាស់លាស់និងការគ្រប់គ្រងហានិភ័យនៃកិច្ចស៊ើបអង្កេត ដើម្បីធានាដល់ការចោទប្រកាន់ ក៏ដូចជាការការពារក្តីនាពេលសវនាការ ក្នុងនោះក៏រួមបញ្ចូលទាំងការប្រើប្រាស់អ្នកជំនាញផ្នែកសត្វព្រៃផងដែរ។

        ជាមតិផ្តាំផ្ញេីចុងក្រោយ លោកជំទាវអនុរដ្ឋលេខាធិការ បានជំរុញនិងលេីកទឹកចិត្ត លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អោយខិតខំយកចិត្តទុកដាក់ ប្រមូលពូនផ្តុំនូវរាល់ចំណេះដឹងនិងបទពិសោធន៍ល្អៗនិងជោគជ័យនាពេលកន្លងដេីម្បីមកចាក់បញ្ចូលជាធាតុចូលចាំបាច់និងមានសារៈសំខាន់ក្នុងការរៀបចំបង្កើតខ្លឹមសារគោលការណ៍ណែនាំអំពីការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជាដែលនឹងត្រូវចងក្រងជាសៀវភៅណែនាំសម្រាប់ជាឯកសារជំនួយដល់ការអនុវត្តការងាររបស់ លោក លោកស្រី ចៅក្រម និងព្រះរាជអាជ្ញា ទាំងអស់នៅក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ។