កំពង់ធំ៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ជំនួស ឯកឧត្តម លាង សួគ៌ ដែលត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជា មន្រ្តីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លាង សួគ៌ ដែលត្រូវបានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយក៏បានកោតសរសើរចំពោះ ឯកឧត្តម លាង សួគ៌ ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តកំពង់ធំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ ឯកឧត្តម ផូង វណ្ណ អតីតអនុប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលកន្លងមក ឯកឧត្តម ក៏បានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ថ្នាក់ដឹកនាំខេត្តកំពង់ធំ, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហ ការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលកន្លងមក ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ជាពិសេស ជាមួយ ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំដែលទើបនឹងចូលកាន់មុខតំណែងថ្មីនេះ ឱ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចជូនអង្គពិធីថា ក្នុងចំណោមការងារអាទិភាពជាច្រើន, បច្ចុប្បន្ន ក្រសួងយុត្តិធម៌ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ទាំងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ដើម្បីលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម និងការបង្កើតវិជ្ជាជីវៈសន្ធានការី ដើម្បីបំពេញតួនាទី និងភារកិច្ចក្នុងការសម្របសម្រួលដោះស្រាយចំពោះវិវាទមួយចំនួនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងការបង្ខិតយន្តការដោះស្រាយវិវាទឱ្យកាន់តែទៅកៀកប្រជាជន ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងសហគមន៍ និងមូលដ្ឋាន។ ទន្ទឹមនេះ, ចៅក្រមគ្រប់រូប គប្បីសាកល្បងជួយសម្របសម្រួល និងផ្សះផ្សារវាងគូភាគី ដើម្បីអាចបញ្ចប់វិវាទនៅក្នុងសំណុំរឿងក្តីនានា មុននឹងឈានទៅការសម្រេចសេចក្តីតាមរយៈការចេញនូវសាលក្រម ឬសាលដីកា ប៉ុន្តែ ការសម្របសម្រួល និងការផ្សះផ្សានេះ មិនត្រូវយកមកអនុវត្តចំពោះរឿងក្តីព្រហ្មទណ្ឌឡើយ។
ដូចបានលើកឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបាត់ដំបង, ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ, ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធតុលាការកម្ពុជា ក៏ដូចជា ការការពារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការផ្សេងទៀត, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបន្តណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តម ផូង វណ្ណ ដែលត្រូវចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តកំពង់ធំនាពេលនេះ ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចដែលបានធ្វើការប្តេជ្ញាចិត្តក្នុងពិធីចូលកាន់មុខតំណែងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ផូង វណ្ណ នឹងបន្តខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំសាលាដំបូងខេត្តកំពង់ធំឱ្យមានការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ហើយជាពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និងដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ, ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា។