ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី

          មណ្ឌលគិរី៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង។

         ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី, ឯកឧត្តម ថង សាវ៉ុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី, ឯកឧត្តម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជា មន្រ្តីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

         មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ទៀង សុថា ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

          ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តម ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគិរី, ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នាពេលកន្លងមក ហើយ ឯកឧត្តម ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត ជាពិសេស ជាមួយ ឯកឧត្តម ថាន់ ឡេង ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ដែលទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យយុត្តិធម៌ទាំងមូល។

          ដូចដែលធ្លាប់បានលើកឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបាត់ដំបង និងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ, ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធតុលាការកម្ពុជា ក៏ដូចជា ការការពារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការផ្សេងទៀត, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបន្តណែនាំ និងផ្តាំផ្ញើ នូវចំណុចសំខាន់ៗមួយចំនួន ជាអាទិ៍៖ (ទី១)-គ្រប់សាលាជម្រះក្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ ម្យ៉ាង ដើម្បីធានាការអនុវត្តវិធានការវិន័យនានាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះមន្រ្តីដែលមិនគោរពវិន័យផង និងម្យ៉ាងទៀត ដើម្បីជាមូលដ្ឋានក្នុងការផ្តល់នូវការលើកទឹកចិត្តនានា ចំពោះមន្រ្តីដែលគោរពវិន័យ និងខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អផង, (ទី២)-ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង ៤ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ” ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ, (ទី៣)-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន ហើយមន្រ្តីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យច្បាប់ និងយុត្តិធម៌, (ទី៤)-ចៅក្រមទាំងអស់ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជាពិសេស ត្រូវលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

         ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី នឹងខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរីឱ្យមានការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ហើយជាពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមកដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន ដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ, ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា។