ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ



        ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ជុំ ស ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។
        ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជា មន្ត្រីរាជការ មន្រ្តីតុលាការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ ឯកឧត្តម ជា វណ្ណៈ អតីតប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ជុំ ស ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។
        ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តម ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក ហើយ ឯកឧត្តម ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត ជាពិសេស ជាមួយ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ដែលទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធតុលាការកម្ពុជា ក៏ដូចជា ការការពារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការផ្សេងទៀត, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបន្តណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តម ជា វណ្ណៈ ដែលត្រូវចូលកាន់តំណែងនាពេលនេះ ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ ដែលបម្រើការងារនៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
        (ទី១)-ក្រសួងយុត្តិធម៌ បានកំណត់យកឆ្នាំ២០២២ នេះ “ជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដូច្នេះ គ្រប់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ ដោយត្រូវអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ, ចំពោះមន្រ្តីក្នុងវិស័យយុត្តិធម៌ណាដែលខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម មានការទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្រសួងយុត្តិធម៌នឹងផ្តល់នូវការលើកទឹកចិត្តនានា ជាពិសេស ការតែងតាំងក្នុងមុខតំណែងទទួលខុសត្រូវនានានៅក្នុងវិស័យយុត្តិធម៌។
        (ទី២)-ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ និងត្រឹមត្រូវជូនប្រជាពលរដ្ឋ នៅគ្រប់ដំណើរនីតិវិធីរឿងក្តី ជាពិសេស នៅពេលជំនុំជម្រះក្តី, ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយត្រូវវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម-ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាននៅមុនពេលខ្លួនចូលកាន់មុខតំណែង ហើយត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមស្មារតី គោលការណ៍ និងអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ដែលបានដាក់ចេញនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនាពេលកន្លងមក បើទោះបីជាយុទ្ធនាការនេះត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យរួចហើយក៏ដោយ។
        (ទី៣)-ចៅក្រម-ព្រះរាជអាជ្ញា ក៏ដូចជាមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។
        (ទី៤)-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការងារស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួន។ ជាមួយគ្នានេះ, មន្រ្តីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួន បានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យច្បាប់ និងយុត្តិធម៌។
        (ទី៥)-ចៅក្រមទាំងអស់ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ ព្រមទាំងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេស ត្រូវលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តនៅពេលដែលសេចក្តីសម្រេចទាំងនេះបានចូលជាស្ថាពរ។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាផ្តល់យុត្តិធម៌ដល់ភាគីដែលឈ្នះក្តី។
        (ទី៦)-ក្រសួងយុត្តិធម៌ ក៏សូមបន្តក្រើនរំលឹក និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តរៀបចំធ្វើយ៉ាងណាឱ្យដំណើរការនៃការជម្រះក្តី និងការមកទទួលយកសេវាយុត្តិធម៌របស់ប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងតាមគន្លងប្រក្រតីភាពថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាយថាហេតុនៃជំងឺកូវីដ-១៩ នៅតាមសាលាជម្រះក្តី។