ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

៣ ចំណុចសំខាន់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ជាមួយអ្នកសារព័ត៌មាន អំពីជំនួបជាមួយក្រសួងយុត្តិធម៌

       លឿន ត្រឹមត្រូវ និងយុត្តិធម៌ គឺជាកាតព្វកិច្ចរបស់ក្រសួងយុត្តិធម៌ ឯការប្រឆាំងអំពើពុករលួយ គឺជាកាតព្វកិច្ចរបស់អង្គភាពប្រឆាំងអំពើរពុករលួយ ។

      បន្ទាប់ពីជំនួបការងាររវាងក្រសួងយុត្តិធម៌ ប្រធានអង្គភាពប្រឆាំងអំពីពុករលួយ (ACU) កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ មក នៅថ្ងៃនេះ (១៧ ឧសភា) អ្នកសារព័ត៌មានបានសួរសំណួរឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពីកិច្ចជំនួបនោះ ផ្តោតលើបញ្ហាសំខាន់អ្វីខ្លះ និងអង្គភាពប្រឆាំងពុករលួយចូលរួមសង្កេតយ៉ាងដូចម្តេចដែរ ចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត ?

១. ខ្ញុំបានវាយតម្លៃយ៉ាងខ្ពស់នូវ រាល់គ្រប់ចំណុចនៃខ្លឹមសារដែលឯកឧត្តមរដ្ឋមន្ត្រីថ្មី វ័យក្មេងក្រសួងយុត្តិធម៌ដែលរ៉ាប់រងភារកិច្ចដ៏ធ្ងន់ធ្ងរនេះបានរៀបចំយ៉ាងឈ្លាសវៃ ស្របតាមគតិយុត្ត និងបច្ចេកទេសដើម្បីគាំទ្រ និងជួយដល់តុលាការរាជធានី-ខេត្ត ក្នុងការដោះស្រាយការកកស្ទះសំណុំរឿង។ ការពិតទៅ ពិតមែនតែនេះជាយុទ្ធសាស្ត្រជួយដល់តុលាការក្នុងការដោះស្រាយការកកស្ទះសំណុំរឿង តែខ្លឹមសារជ្រាលជ្រៅជាងនេះទៅទៀត គឺជាការពង្រឹងនូវគុណភាពរបស់តុលាការ មានន័យថា មិនមែនត្រូវតែដោះស្រាយសំណុំរឿងគិតតែពីលឿន ហើយមិនគិតអំពីនីតិវិធី មិនគិតអំពីយុត្តិធម៌ មិនគិតពីភាពស្អាតស្អំនោះឡើយ ។ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ គឺជាស្នូល ជាខ្លឹម នៃគំនិតកែទម្រង់របស់ឯកឧត្តមរដ្ឋមន្រ្តី ។

២. លឿន ត្រឹមត្រូវ និងយុត្តិធម៌ គឺជាកាតព្វកិច្ចរបស់ក្រសួងយុត្តិធម៌ ឯការប្រឆាំងអំពើពុករលួយ គឺជាកាតព្វកិច្ច របស់ អបព ហើយកាតព្វកិច្ច ជាបងប្អូនទាំងពីរនេះត្រូវការចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ ទល់ពួកឱកាសនិយម ដែលឆ្លៀតរកផលប្រយោជន៍ពីយុទ្ធនាការដោះស្រាយកាតកកស្ទះសំណុំរឿងនេះ។ ចង់លឿនតែមិនស្អាត ឬចង់តែស្អាត តែមិនព្រមលឿន គឺជាជំងឺពីរយ៉ាងដែលយុទ្ធនាការរបស់ឯកឧត្តម កើត រិទ្ធ ចង់ព្យាបាលអោយបានជាស្រឡះពីវិស័យយុត្តិធម៌កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន បានត្រួសត្រាយនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្តេចយ៉ាងច្បាស់លាស់ ។

៣ នេះមិនមែនជាការចូលរួមតាមរយ:ការសង្កេតការទេ ។ អ.ប.ព. នឹងចែករំលែកព័ត៌មានសម្ងាត់ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី  ជួយក្រសួង ស្រាវជាវ ស៊ើបអង្កេត ករណីដែលក្រសួងទទួលបាន និងកិច្ចការមួយចំនួនទៀតដែលខ្ញុំមិនអាចជម្រាបបាននៅឡើយ ៕

ប្រភពគេហទំព័រអាណាចក្រខ្មែរ http://www.khempire.com/2020/05/17/1904.html/