ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២



        នាថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានតុលាការកំពូល, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសាលាឧទ្ធរណ៍ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានី-ខេត្ត ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌។
        សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារយុត្តិធម៌ប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ។ ជារួម លទ្ធផលការងារយុត្តិធម៌ឆ្នាំ២០២១ ដែលសម្រេចបានរួមមាន
                (១)-ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
                (២)-ការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្ស
                 (៣)-ការដាក់ឱ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលជាសាលាដំបូងកូនពៅ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យនៅកៀកប្រជាពលរដ្ឋដែលនៅខេត្តកែប
                (៤)-ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធដែលនៅខ្វះខាតដែលបម្រើឱ្យវិស័យយុត្តិធម៌ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និងគុណភាពនៃការកាត់ក្តី និង
                (៥)-ការសម្រេចបាននូវជោគជ័យក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត តាមអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ”។
        ទន្ទឹមនឹងការងារស្នូលរបស់ក្រសួងយុត្តិធម៌ ក្រសួងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំនូវវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសការរៀបចំច្បាប់ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ដាក់ចេញនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជារួម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មិនតិចជាង ៤០ នោះទេ ដែលត្រូវបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ ក្នុងនាមជាលេខាធិការដ្ឋាននៃគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងយុត្តិធម៌ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់សាធារណជន និងយន្តការដែលមានការពាក់ព័ន្ធផងដែរ ជាពិសេសនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
        បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នាលើលទ្ធផលការងារ ក៏ដូចជាបញ្ហាប្រឈមនានា ព្រមទាំងទិសដៅដែលត្រូវអនុវត្តបន្ត, អង្គសន្និបាតបានសម្រេចដាក់ចេញនូវទិសដៅការងារឆ្នាំ២០២២ របស់វិស័យយុត្តិធម៌ ដោយផ្តល់អាទិភាពលើការងារសំខាន់ៗ រួមមាន៖                 
                ទី១)-ការពង្រឹងវិធានការវិន័យ និងក្រមសីលធម៌របស់មន្រ្តី ដោយកំណត់យកឆ្នាំ២០២២ នេះ “ជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្រ្តីក្នុងវិស័យយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ហើយទន្ទឹមនឹងការពង្រឹងវិន័យការងារ និងក្រមសីលធម៌នេះ ក្រសួងយុត្តិធម៌នឹងយកចិត្តទុកដាក់ក្នុងការផ្តល់ការលើកទឹកចិត្តនានាដល់មន្រ្តីរាជការ និងមន្រ្តីតុលាការដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការលើកកម្ពស់ការអនុវត្តនូវគោលការណ៍គុណាធិបតេយ្យ ក្នុងការតែងតាំងក្នុងមុខដំណែងទទួលខុសត្រូវនានានៅក្នុងវិស័យយុត្តិធម៌។
                ទី២)-ការពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការយកចិត្តទុកដាក់បន្ថែមលើការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ ទាំងក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់មន្រ្តីក្នុងវិស័យយុត្តិធម៌ ទាំងមន្រ្តីដែលកំពុងបំពេញការងារ ទាំងមន្រ្តីត្រូវបានជ្រើសរើសថ្មី ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ទន្ធឹមនេះ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្រ្តីគ្រប់រូប ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអាចសម្របខ្លួនឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សក្នុងវិស័យយុត្តិធម៌។ ដើម្បីធានាប្រសិទ្ធភាពនៃការងារនេះ ក្រសួងយុត្តិធម៌នឹងពិនិត្យ និងកែសម្រួលឡើងវិញនូវយន្តការបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដែលទទួលបន្ទុកលើការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ ក៏ដូចជាការកែសម្រួលរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដើម្បីឱ្យយន្តការទាំងនេះក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដំបូង និងបណ្តុះបណ្តាលបន្តដល់មន្រ្តីក្នុងវិស័យយុត្តិធម៌។
                ទី៣)-យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសចក្តីសម្រេចស្ថាពររបស់តុលាការផ្នែករដ្ឋប្បវេណី, ដើម្បីបំពេញការងារនេះ ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមានយន្តការបច្ចេកទេសរឹងមាំមួយ ដើម្បីផ្តល់ជំនួយតាមការស្នើសុំរបស់តុលាការអនុវត្ត ស្របតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងពង្រឹងជំនឿទុកចិត្តលើអំណាចតុលាការ និងការផ្តល់សេវាយុត្តិធម៌។ ទន្ទឹមនេះ, ក្រសួងយុត្តិធម៌នឹងខិតខំរៀបចំឱ្យបានរួចរាល់នូវច្បាប់សំខាន់ៗចំនួន ៤ រួមមាន ច្បាប់ស្តីពីក្រឡាបញ្ជី, ច្បាប់ស្តីពីអាជ្ញាសាលា, ច្បាប់ស្តីពីសារការី និងច្បាប់ស្តីពីការតម្កល់និងការផ្ញើ។
                ទី៤)-យន្តការជំនាញដែលមានការពាក់ព័ន្ធត្រូវបន្តសហការគ្នារៀបចំឱ្យបានឆាប់រហ័សនូវក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ស្តីពីសន្ធានកម្ម ដើម្បីបង្កើតឱ្យមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម ក្នុងគោលដៅរួមចំណែកក្នុងការបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋ សំដៅជួយឱ្យមានការដោះស្រាយវិវាទដោយឆាប់រហ័ស ហើយអាចរក្សាបាននូវភាពសុខដុមរមនារវាងគូភាគីវិវាទ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តី។
                ទី៥)-សាលាជម្រះក្តីនានា ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយលើសំណុំរឿងផ្សេងៗដែលពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ឱ្យបានឆាប់រហ័ស ដើម្បីកម្ពុជាអាចមានមូលដ្ឋានរាយការណ៍អំពីវឌ្ឍនភាពការងារប្រឆាំងនឹងការសម្អាតប្រាក់ដែលកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការទៅក្រុមការងារហិរញ្ញវត្ថុ (FATF) តាមផែនការដែលបានគ្រោងទុក។
                ទី៦)-ចៅក្រម និងព្រះរាជអាជ្ញាគ្រប់រូបត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់នូវអនាគតិនៅពេលជំនុំជម្រះរឿងក្តី សំដៅធានាឱ្យបាននូវភាពយុត្តិធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ពោលគឺការវៀរចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់ បានធ្វើសច្ចាប្រណិធាននៅមុនពេលចូលកាន់មុខតំណែង។
                ទី៧)-សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់ តាមស្មារតី និងគោលការណ៍ដែលបានដាក់ចេញនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនាពេលកន្លងមក ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ តាមអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ” ដើម្បីចៀសវាងកុំឱ្យស្ថានភាពនៃការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនេះកើតឡើងជាថ្មី និងពង្រឹងប្រសិទ្ធភាពនៃការបម្រើសេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។