ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំរបស់ក្រុមការងា រទី៣ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ នៃអនុគណៈកម្មការ ចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)

            នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២, កិច្ចប្រជុំក្រុមការងារទី៣ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ ទាក់ទងនឹងការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ របស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារ។

            កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីការជំរុញការអនុវត្តការងាររបស់ក្រុមការងារទី៣ ពាក់ព័ន្ធនឹងលទ្ធផលជាក់ស្តែងទី៧ និងទី៨ សម្រាប់ត្រៀមរៀបចំរបាយការណ៍ជុំទី៩ របស់កម្ពុជា សម្រាប់ដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នៅពេលខាងមុខនេះ។ អង្គប្រជុំបានពិនិត្យមើលលើវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសប្រឆាំងការសម្អាតប្រាក់របស់ អ.អ.ផ. ជាពិសេសទាក់ទងនឹង ការស៊ើបអង្កេត ការចោទប្រកាន់ និងផ្តន្តាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស បង្កក និងឃាត់ទុកឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងផលនៃបទល្មើសសម្អាតប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដែលមានតម្លៃស្មើ នៅតាមវិស័យដែលមានហានិភ័យនីមួយៗ។ ឯកឧត្តមសហប្រធានបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់ក្រុមការងារបច្ចេកទេស។

           ជាកិច្ចបញ្ចប់ ឯកឧត្តមសហប្រធាន បានដាក់ចេញនូវទិសដៅការងារបន្ទាន់មួយចំនួន និងស្នើឱ្យអង្គប្រជុំ និងអង្គភាពដែលពាក់ព័ន្ធរួមគ្នាប្រមូលកម្លាំង ដោយផ្តោតសំខាន់លើការងារប្រឆាំងការសម្អាតប្រាក់នេះ ឱ្យមានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័សបំផុត សំដៅបម្រើឱ្យការរៀបចំរបាយការណ៍ជុំទី៩ របស់ កម្ពុជា សម្រាប់ដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលា។