ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ

        នារសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( អ.អ.ផ.) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ គឺ៖ (១)-វឌ្ឍនភាពការងាររបស់ក្រុមការងារទី១ ទទួលបន្ទុក IO-6 ទាក់ទងនឹងព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ, ក្រុមការងារទី២ ទទួលបន្ទុក IO-11 ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, ក្រុមការងារទី៣ ទទួលបន្ទុក IO-7 និង IO-8 ទាក់ទងនឹងការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស និង (២)-ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការសម្រួចទិសដៅការងារបន្តរបស់ អ.អ.ផ. ដើម្បីត្រៀមសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី៩ សម្រាប់ដាក់ជូនក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

        នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម ស៊ុំ សន្និសិទ្ធ ប្រធានក្រុមការងារទី១, ឯកឧត្តម ជីវ សុងហាក់ សហប្រធានក្រុមការងារទី២ និងឯកឧត្តម ស្រ៊ិន សុវណ្ណ ប្រធានក្រុមការងារបច្ចេកទេសប្រឆាំងការសម្អាតប្រាក់នៃ អ.អ.ផ. បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រុមការងារនីមួយៗ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមការងារ, ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ក្រុមការងារនីមួយៗ និងសម្រួចទិសដៅការងារបន្តដើម្បីឆ្លើយតបនឹងបញ្ហាដែលនៅដក់សល់នៅក្នុងសកម្មភាពការងាររបស់ ICRG-JG សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អប្រសើរលើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់ខ្លួន ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនៅពេលខាងមុខនេះ ពោលគឺ ដើម្បីខិតខំប្រឹងប្រែងធ្វើយ៉ាងណាដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ។

        ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរអំពីវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តការងាររបស់ក្រុមការងារនីមួយៗ និងបានស្នើឱ្យក្រុមការងារ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់បន្តខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជាពង្រឹងកិច្ចសហការប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្ថែមទៀត។

        សូមគូសបញ្ជាក់ផងដែរថា អនុគណៈកម្មការចំពោះកិច្ចនេះ នឹងបំពេញបេសកកម្មរបស់ខ្លួនរហូតដល់ប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ។