ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត្ត្តកំពង់ឆ្នាំង ប្រជុំពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ដើម្បីត្រៀមអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

          កាលពីថ្ងៃចន្ទ អង្គារ និង ពុធ ត្រូវនឹងថ្ងៃទី១១ ទី១២ ទី១៣ ខែឧសភា ឆ្នាំ២០២០ លោក តេង រតនា ប្រធានសាលាដំបូង និង លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអង្គប្រជុំរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ០៥-០៥-២០២០    ស្តីអំពីការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញា បានជំរុញឱ្យ ចៅក្រម តំណាងអយ្យការ ក្រឡាបញ្ជី ត្រូវតែគោរពវិន័យក្នុងម៉ោងការងារ ម៉ោងប្រចាំការតាមវេន និងជំរុញឱ្យពន្លឿនចំណាត់ការសំណុំរឿងនៅគ្រប់ដំណាក់កាលនៃនីតិវិធី ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមច្បាប់ និងជំរុញបង្កើនការអនុវត្តនីតិវិធីបញ្ជូនរឿងទៅជំនុំជម្រះ តាមCD និងCI ។ ជាមួយគ្នានេះដែរ សាលាដំបូង និងអយ្យការអមសាលាដំបូងក៏បានរៀបចំកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១២ និងថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានអ្នកចូលរួមចំនួន១០០នាក់ ។ សមាសភាពចូលរួមមានមន្ត្រីជាន់ខ្ពស់ មកពីផ្នែកនគរបាលជាតិ កងរាជអាវុធហត្ថ មន្ទីរកសិកម្ម ជលផលព្រៃឈើ បរិស្ថាន គយ សុខាភិបាល និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតដើម្បីលើកយកបញ្ហាប្រឈមពាក់ព័ន្ធនឹងការកកស្ទះសំណុំរឿងកន្លងមក ព្រមទាំងផ្សព្វផ្សាយពីទិសដៅរបស់ក្រសួងយុត្តិធម៌ ដែលនឹងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការនាពេលឆាប់ៗខាងមុខនេះផងដែរ។

          សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាពបានប្តេជ្ញាចិត្តថានឹងជួយសហការក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមការស្នើសុំរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។