នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជានាយកនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលរួម (Joint Coordination Committee-JCC) នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តុលាការកំពូល, សាលាឧទ្ធរណ៍ភ្នំពេញ, សាលាដំបូងរាជធានីភ្នំពេញ, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ស្ថានទូតជប៉ុន ប្រចាំកម្ពុជា, នាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល នៃក្រសួងយុត្តិធម៌ជប៉ុន, ទីស្នាក់ការកណ្តាល JICA, ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងក្រុមការងារជំនាញការរបស់ JICA ប្រចាំក្រសួងយុត្តិធម៌។
សូមបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ជប៉ុន និងទីភ្នាក់ងារ JICA បាននិងកំពុងសហការគ្នាយ៉ាងជិតស្និត ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានថ្មី បន្ទាប់ពីគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៥ នេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខនេះ។