ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានទទួលជួបពិភាក្សាការងារជាមួយប្រធានបេសកកម្ម នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)

 

            រសៀលថ្ងៃចន្ទ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានទទួលជួបពិភាក្សាការងារជាមួយប្រធានបេសកកម្ម នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

                    ១. រាយការណ៍សង្ខេបអំពីសកម្មភាពចុះទស្សនកិច្ចពន្ធនាគាររបស់ ICRC

                    ២.ស្វែងយល់អំពីកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងកិច្ចការងារពន្ធនាគារ

                    ៣. ពិភាក្សាស្វែងរកកិច្ចសហការក្នុងវិស័យព្រហ្មទណ្ឌ។

           ក្នុងជំនួបនេះ ឯកឧត្តម ជិន ម៉ាលីន យល់ស្របនូវបញ្ហា និងដំណោះស្រាយអំពីភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយហេតុថា អ្វីដែល ICRC និងក្រសួងយុត្តិធម៌បានរកឃើញគឺមិនមានអ្វីខុសគ្នាទេ ប៉ុន្តែ អ្វីដែលក្រសួងយុត្តិធម៌ចង់បានគឺការចូលរួមដោះស្រាយបញ្ហា តាមរយៈកិច្ចសហការដោយផ្ទាល់របស់ ICRC។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង៥ល្ងាច ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងសហការីមួយចំនួន នៅសាលប្រជុំក្រសួងយុត្តិធម៌។