ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ

        នារសៀល ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាប្រធានអនុគណៈកម្មកា​រចំពោះកិច្ចអនុវត្តផែនកា​សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម​នៃក្រុមប្រទេស​អាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( អ.អ.ផ.) ដើម្បីពិនិត្យ និងពិភាក្សាដោយផ្តោតជាសំខាន់ទៅលើរបាយការណ៍ស្តីពីសកម្មភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជា លើកទិសដៅការងារ និងការរៀបចំយន្តការការងារ ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពការងារដែលត្រូវបានដាក់ចេញដោយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

        ក្នុងឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញនូវផែនការ និងទិសដៅការងារមួយចំនួន ព្រមទាំងបានបែងចែកតួនាទី និងភារកិច្ចជូនឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ក្នុងគោលដៅពង្រឹងការអនុវត្តផែនការសកម្មភាពការងារ ដែលត្រូវបានដាក់ចេញដោយ ICRC-JG សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ តាមរយៈការវាយតម្លៃរបស់ ICRG-JG ដែលនឹងប្រព្រឹត្តទៅនៅក្នុងមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ ( Financial Action Task Force - FATF) នាខែកុម្ភៈខាងមុខនេះ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យឯកឧត្តម និងលោកជំទាវ ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជា ពង្រឹងកិច្ចសហការប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្តទៀត។

        សូមគូសបញ្ជាក់ផងដែរថា អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ០០១ សសរ/គសហ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ អ.អ.ផ. មានតួនាទី និងភារកិច្ចចម្បងៗ ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពការងាររបស់ ICRG-JG រហូតដល់ប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ, សិក្សាស្រាវជ្រាវលើប្រភពបញ្ហាដែលបង្កការរាំងស្ទះ និងយឺតយ៉ាវដល់ការអនុវត្តផែនការសកម្មភាពនេះ, រៀបចំប្រតិបត្តិការស្តង់ដា សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងដឹកនាំនិងត្រួតពិនិត្យការអនុវត្តរបស់ក្រសួង-ស្ថាប័ន ដែលទទួលខុសត្រូវក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។