ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌លើកទី៤ ឆ្នាំ២០២២

 

                រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតវាយសីវិស័យយុត្តិធម៌លើកទី៤ ក្នុងឆ្នាំ២០២២។

             ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន, ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍, ឯកឧត្តមប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្ត្រីរាជការ និងមេធាវីមួយចំនួនទៀត។

             មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរដល់កីឡាករដែលទទួលបានជ័យលាភីទាំងអស់ និងលើកទឹកចិត្តឱ្យមានការចូលរួមលេងកីឡាឱ្យបានទាំងអស់គ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងធ្វើឱ្យមានសុខភាពល្អ ព្រមទាំងជាការអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា “ប្រជាជនម្នាក់ លេងកីឡាមួយមុខ”។

            ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានរំលឹកផងដែរថា ការដែលធ្វើឱ្យកម្មវិធីប្រកួតវាយសីនេះប្រព្រឹត្តទៅបានដោយរលូនក៏ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយកម្ពុជាក៏ទប់ស្កាត់បាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព ដែលអាចឱ្យមានការប្រារព្ធកម្មវិធីជួបជុំនានាបាន។

           ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តថា សមិទ្ធផលដែលកម្ពុជាមានថ្ងៃនេះ ក៏ដោយសារតែការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពបន្តទៀត ដើម្បីចូលរួមជំរុញការរីកចម្រើនរបស់ប្រទេសកម្ពុជាតទៅមុខទៀត។