ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

           នៅទីស្តីការក្រសួងយុត្តិធម៌,  នាព្រឹក ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ,  ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ  ឯកឧត្តម Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ជួបសម្តែងការគួរសម  និងដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់គ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដូចដែលមានកំណត់ក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ទាំងពីរ ដែលទើបត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងអំឡុងពេលដែលគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

          នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញប្រសិទ្ធភាពការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់គ្រប់ជ្រុងជ្រោយរវាងគ្នានិងគ្នា ជាពិសេស ការបង្កើតឱ្យមានច្រកទំនាក់ទំនងតែមួយ (Focal Point) រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ សម្រាប់ធានាឱ្យបាននូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ។ ទន្ទឹមនេះ, ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសវៀតណាម ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅក្រសួងយុត្តិធម៌នៃប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ខាងមុខនេះ ហើយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជាក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញនេះ និងបានសន្យាថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រសួងយុត្តិធម៌នៃប្រទេសវៀតណាមតាមការអញ្ជើញនេះ។