ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរៀបចំធ្វើការជួសជុលអគារក្រសួងយុត្តិធម៌ (សាលាយុត្តិធម៌) ដែលជាសំណង់អគារបេតិកភណ្ឌថ្នាក់លេខ១ មានអាយុកាលជិតមួយសតវត្សរ៍ ដោយរក្សានូវលំនាំ និងរចនាបទដើមទាំងស្រុង។

        អគារទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅចំពីមុខព្រះបរមរាជវាំងចតុមុខមង្គល មានប្រវត្តិជាអគារ “សាលាយុត្តិធម្ម” ដែលជាអតីតអគារតុលាការកំពូល។ អគារនេះត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ១៨៩០ ក្នុងរាជព្រះបាទសម្តេចព្រះ ស៊ីសុវត្តិ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៥។ គិតមកទល់បច្ចុប្បន្ន, អគារសាលាយុត្តិធម្មនេះ គឺមានអាយុកាលជិត ៩៧ឆ្នាំ ហើយ និងមានសភាពកាន់តែទ្រុឌទ្រោមខ្លាំងឡើងៗ ដោយផ្នែកខ្លះនៃអគារបានស្រុតចុះ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់ ដើម្បីថែរក្សានូវសំណង់ប្រវត្តិសាស្រ្ត ដែលត្រូវបានចាត់ទុកជាសំណង់អគារបេតិកភណ្ឌថ្នាក់លេខ១ (បូជនីយដ្ឋាន និងរម្មណីយដ្ឋាន ដែលមានតម្លៃយ៉ាងពិសេស)។

        ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី, ក្រសួងយុត្តិធម៌ បានរៀបចំធ្វើការជួសជុលអគារប្រវត្តិសាស្រ្តនេះឡើងវិញ ដោយប្រើប្រាស់នូវក្រុមវិស្វករ និងស្ថាបត្យករដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដើម្បីធានាបាននូវគុណភាពនៃសំណង់ និងជាពិសេសរក្សាបាននូវរចនាបថដើមនៃអគារនេះទាំងស្រុង។