ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការសម្រុះសម្រួលករណីវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ» ។

              នាព្រឹក ថ្ងៃ ចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការសម្រុះសម្រួលករណីវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ»សម្រាប់ក្រុមគោលដៅជា មន្ត្រីផ្តល់សេវាសម្រុះសម្រួលវិវាទនៅថ្នាក់មូលដ្ឋាន មកពីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពនៃការបន្តបំពាក់បំប៉ន់ជំនាញសន្ធានកម្ម (សម្រុះសម្រួល) ក្រោមកិច្ចសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដល់មន្រ្តីអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពនិងជំនាញនៃការសម្រុះសម្រួលវិវាទមូលដ្ឋាន និងធ្វើឱ្យការទទួលបានយុត្តិធម៌ក្នុងសហគមន៍កាន់តែល្អប្រសើរឡើង។ សម្រាប់ទិសដៅបន្ត ពាក់ព័ន្ធការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្រសួងមានផែនការមួយចំនួនដូចខាងក្រោម៖

          ១. ក្រសួងនឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយសហភាពអឺរ៉ុបនៅកម្ពុជា នូវឯកសារទស្សនទានស្តីអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មនៅថ្នាក់មូលដ្ឋាន ជាភាសារខ្មែរ និងអង់គ្លេស ដែលជាឯកសារសិក្សាស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្រ្ត បង្ហាញអំពីទម្រង់ យន្តការ និងវិធីសាស្រ្តនៃការដោះស្រាយវិវាទតាមរយៈសន្ធានកម្ម។

          ២. ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយក្រសួងកិច្ចការនារី នូវឯកសារស្តីពីគោលការណ៍ណែនាំអំពីវិធីសាស្រ្តសម្រុះសម្រួលវិវាទគ្រួសារឆ្លើយតបទៅនឹងយែនឌ័រ សម្រាប់មន្រ្តីអនុវត្តការសម្រុះសម្រួលវិវាទនេះនៅថ្នាក់មូលដ្ឋាន។

          ៣. ក្រសួងយុត្តិធម៌ ក៏នឹងធ្វើការផ្សព្វផ្សាយផងដែរនូវឯកសារស្តីអំពីគោលការណ៍ណែនាំ គោលការណ៍ប្រតិបត្តិ ក្រមសីលធម៌ និងវិធីសាស្រ្តនៃការបង្រៀន ពាក់ព័ន្ធការសម្រុះសម្រួលវិវាទ ដល់មន្រ្តីអនុវត្តនៅថ្នាក់មូលដ្ឋាន។

          ៤. ក្រសួងយុត្តិធម៌ ដោយសហការជាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា បន្តបេសកកម្មនៃការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងជំនាញនៃការសម្រុះសម្រួលវិវាទដល់មន្រ្តីដែលអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន។

          ៥. ជាទិសដៅបន្ត បន្ទាប់ពីការផ្សព្វផ្សាយឯកសារទស្សនទានស្តីអំពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមរយៈសន្ធានកម្មនៅថ្នាក់មូលដ្ឋាននេះ ក្រសួងនឹងរៀបចំឱ្យមានជាគោលនយោបាយថ្នាក់ជាតិមួយអំពីយន្តការនេះ និង បន្ទាប់មក​នឹងរៀបចំឱ្យទៅជាច្បាប់ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាជារួមតែម្តង។