ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានដឹកនាំក្រុមការងារបច្ចេកទេស ទទួលជួបជាមួយ លោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារីដើម្បីសន្តិភាព ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងពង្រឹងសមត្ថភាពដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន និងផែនការនៃការចុះអនុស្សរណៈយោគយល់គ្នានាពេលខាងមុខ។

        នាថ្ងៃ អង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានដឹកនាំក្រុមការងារបច្ចេកទេស ទទួលជួបជាមួយ លោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារីដើម្បីសន្តិភាព ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងពង្រឹងសមត្ថភាពដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន និងផែនការនៃការចុះអនុស្សរណៈយោគយល់គ្នានាពេលខាងមុខ ដោយផ្តោតលើគម្រោងសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

        ១-ការរៀបចំគោលការណ៍ក្រមសីលធម៌សម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់មូលដ្ឋាន

        ២-ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីរាជការ បម្រើសេវាសន្ធានកម្មនៅថ្នាក់មូលដ្ឋាន និង

       ៣-ការរៀបចំវិធានប្រតិបត្តិសម្រាប់សន្ធានការីនៅថ្នាក់មូលដ្ឋាន។ គម្រោងទាំង៣ នេះ គឺជាការបោះជំហានទៅមុខសម្រាប់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចនេះមកឱ្យក្រសួងយុត្តិធម៌។