ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង អញ្ជើញចូលរួមកម្មវិធីចែកម៉ាស និងអាល់កុល ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ និងអនុវិទ្យាល័យនៅទូទាំងស្រុកមោងឫស្សី ខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង អញ្ជើញ ចូលរួមកម្មវិធីចែកម៉ាស និងអាល់កុល ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ និងអនុវិទ្យាល័យនៅទូទាំងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅក្នុងបរិបទនៃការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយមេរោគកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ, សាលារៀននៅគ្រប់កម្រិតចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនដោយផ្ទាល់ឡើងវិញ។ ដើម្បីធានាដល់ការប្រព្រឹត្តទៅនៃដំណើរការការសិក្សាអប់រំនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយរលូន និងប្រកបដោយសុវត្ថិភាព កាត់បន្ថយជាអតិបរមាពីហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ឯកឧត្តម ប្រធានក្រុមការងារ និងឯកឧត្តម អនុប្រធានទី១ នៃក្រុមការងារ បានរៀបចំ និងឧបត្ថម្ភនូវម៉ាស និងអាល់កុល សម្រាប់ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងស្រុកមោងឫស្សី ក្នុងនោះ សិស្សានុសិស្សមានចំនួនសរុបជាង ១១.០០០នាក់ និងគ្រូបង្រៀនមានចំនួនជាង ១.០០០នាក់។ ម៉ាសដែលត្រូវបានចែកជូនទាំងអស់នេះ គឺជាប្រភេទម៉ាសក្រណាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា "ស.ស.យ.ក."។ ម៉ាសក្រណាត់ ដែលប្រកបដោយសោភណ្ឌភាព មានស្តង់ដាសុវត្ថិភាពផ្នែកសុខាភិបាល, អាចបោកគក់ទឹកបាន សម្រាប់ប្រើប្រាស់សារជាថ្មីបានច្រើនលើកច្រើនសារ ព្រមទាំងអាចចូលរួមក្នុងការការពារបរិស្ថានបានផងដែរ។ ការចែកម៉ាស និងអាល់កុលនាពេលនេះ ក៏ជាការរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងការការពារខ្លួនពីការឆ្លង និងចម្លងមេរោគកូវីដ-១៩ ហើយក៏ជាការចូលរួមចំណែកក្នុងការកាត់បន្ថយបានមួយចំណែកនូវការចំណាយថវិការបស់ឪពុកម្តាយ និងក្រុមគ្រួសារ ក្នុងការទិញម៉ាសយកមកប្រើប្រាស់។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក.” ដែលបានចូលរួមសហការដើម្បីក្រុមការងារអាចទទួលបាននូវម៉ាស សម្រាប់ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងកម្មវិធីនេះផងដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង មានអនុវិទ្យាល័យចំនួន ១២ ស្មើនឹង ២០២ថ្នាក់ និងវិទ្យាល័យចំនួន ២ ស្មើនឹង ៧៣ថ្នាក់ ដែលមានសិស្សានុសិស្សសរុបចំនួនជាង ១១.០០០នាក់ និងគ្រូបង្រៀនចំនួនជាង ១.០០០នាក់ ដោយក្នុងនោះ គ្រូ និងសិស្សម្នាក់ៗទទួលបាននូវម៉ាសចំនួន ២ និងអាល់កុលបាញ់ដបតូច ចំនួន ១ដប។ បន្ថែមពីនេះ ក្រុមការងារក៏បានប្រគល់អាល់កុលបាញ់ដបធំចំនួន ១០០ដប សម្រាប់ប្រើប្រាស់នៅតាមបន្ទប់រៀនក្នុងវិទ្យាល័យស្រុកមោងឬស្សីផងដែរ។