នាព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ។ នៅក្នុងជំនួបនេះ, លោកជំទាវ Teo Lay Cheng បានស្នើសុំឱ្យភាគីកម្ពុជាពិចារណាក្នុងការចុះហត្ថលេខាលើអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ សម្រាប់ភាគីនៃវិវាទ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាកំពុងសិក្សារៀបចំនូវក្របខណ្ឌគោលនយោបាយអំពីសន្ធានកម្មនៅកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងយុត្តិធម៌ កំពុងសហការជាមួយក្រសួងដែលមានការពាក់ព័ន្ធ ធ្វើការសិក្សាលម្អិតពីផលប្រយោជន៍ ក៏ដូចជាបញ្ហាប្រឈមនៃការចូលជាសមាជិកអនុសញ្ញានេះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌។