នាថ្ងៃអង្គារ ១២រោច និងថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងលោកជំទាវ គា ម៉ីម៉ី អនុប្រធាននាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាននៃអាជ្ញាធរកណ្ដាលស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌលើកទី១ (1st SOM-MLAT) តាមរយៈ Video Conference នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយប្រទេសប៊្រុយណេ ដែលជាប្រធានឧត្តមមន្ត្រីច្បាប់អាស៊ានប្តូរវេន និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូឧត្តមមន្ត្រីអាស៊ាន (SOM-MLAT) នៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងតំណាងផ្នែកច្បាប់នៃលេខាធិការដ្ឋានអាស៊ាន។ ដោយឡែកគណៈប្រតិភូកម្ពុជាក៏មានការចូលរួមផងដែរ ពីតំណាងនាយកដ្ឋានជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន និងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ បានបន្តពិភាក្សា និងស្តាប់របាយការណ៍បច្ចុប្បន្នភាពពីបណ្តាប្រទេសអាស៊ានជាអាទិ៍លើ៖
១)-របាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលការងារ និងបញ្ហាប្រឈមនៃប្រទេសសមាជិកអាស៊ាននីមួយៗពាក់ព័ន្ធលើការងារជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
២)-លក្ខខណ្ឌការងារ (Terms of Reference) សម្រាប់ SOM-MLAT
៣)-សំណើរបស់ប្រទេសមិនមែនសមាជិកអាស៊ានក្នុងការចូលរួមជាសមាជិកនៃសន្ធិសញ្ញាអាស៊ានស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
៤)-ការរៀបចំស្ដង់ដារ ឬគំរូរួមនៃសំណើសុំជំនួយផ្នែកច្បាប់
៥)-ការពិនិត្យលើសន្ធិសញ្ញាអាស៊ានស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៦)-គេហទំព័ររបស់លេខាធិការដ្ឋានអាស៊ាននៃសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (ASEAN MLAT Secretariat website) ៧)-បញ្ហាផ្សេងៗ ៨)-កិច្ចប្រជុំលើកទី២របស់ SOM-MLAT។