នាថ្ងៃចន្ទ ៤រោច និងថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី២០(20th ASLOM) តាមរយៈ Video Conference នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូឧត្តមមន្ត្រីច្បាប់អាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងតំណាងផ្នែកច្បាប់នៃលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក សមាសភាពគណៈប្រតិភូកម្ពុជារួមមាន តំណាងតុលាការកំពូល តំណាងក្រសួងពាណិជ្ជកម្ម តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌ តំណាងអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី តំណាងអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងក្រុមការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានឧត្តមមន្ត្រីច្បាប់អាស៊ានប្តូរវេន បានបន្តពិភាក្សា និងស្តាប់របាយការណ៍បច្ចុប្បន្នភាពពីបណ្តាប្រទេសអាស៊ានជាអាទិ៍លើ៖
១)-ការតម្លើងឋានៈសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ទៅជាសន្ធិសញ្ញាអាស៊ាន និងការបញ្ចូលជាអង្គភាពជំនាញអាស៊ានថ្មី (ASEAN Sectoral Ministerial Bodies) ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាននូវ កិច្ចប្រជុំរដ្ឋមន្ត្រី/រដ្ឋអាជ្ញាអាស៊ាននៃអាជ្ញាធរកណ្តាលស្តីពីសន្ធិសញ្ញាការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ (ASEAN Ministers/Attorney-General Meeting of the Central Authorities on Mutual Legal Assistance in Criminal Matters “AMAG-MLAT”) និងកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលស្តីពីសន្ធិសញ្ញាការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ (Senior Officials’ Meeting of the Central Authorities on Mutual Legal Assistance in Criminal Matters “SOM-MLAT”)។
២)-ការរៀបចំសន្ធិសញ្ញាស្តីពីបត្យាប័នអាស៊ាន ដោយពិចារណាទៅលើគំរូសន្ធិសញ្ញាស្តីពីបត្យាប័នរបស់អង្គការសហប្រជាជាតិ ព្រមទាំងសន្ធិសញ្ញាស្តីពីបត្យាប័នតំបន់ ឬអន្តរជាតិផ្សេងទៀត ដោយក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ាន ទទួលបន្ទុកតាក់តែងសេចក្តីព្រាងសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន។
៣)- របាយការណ៍ដោយប្រទេសសមាជិកអាស៊ានមួយចំនួនដែលបានរៀបចំ (i) វេទិកាច្បាប់អាស៊ាន(ASEAN Law Forum) (ii) ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាផ្នែកច្បាប់និងតុលាការ និង (iii) កម្មវិធីមន្ត្រីច្បាប់រដ្ឋាភិបាលអាស៊ាន (ASEAN Government Legal Officers’ Programme)។
៤)-របាយការណ៍បច្ចុប្បន្នភាពដោយលេខាធិការដ្ឋានអាស៊ានអំពី (i) អាជ្ញាធរព័ត៌មានច្បាប់ (ASEAN Legal Information Authorities) (ii) សេរីភាវូបនីយកម្មនៃវិជ្ជាជីវៈច្បាប់ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន (iii) កិច្ចប្រជុំរបស់ក្រុមប្រឹក្សានៃប្រធានតុលាការកំពូលនៃបណ្តាប្រទេសអាស៊ាន (iv) កិច្ចទំនាក់ទំនងរវាងសមាគមច្បាប់អាស៊ាន (ASEAN Law Association) និងកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន (ASLOM) និងការរៀបចំធ្វើបច្ចុប្បន្នភាពសៀវភៅស្តីពីស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកកិច្ចការច្បាប់ (ASEAN Government Law Directory) ដោយប្រទេសម៉ាឡេស៊ី។
៥)-របាយការណ៍របស់ប្រទេសថៃអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារពិគ្រោះយោបល់សម្រាប់ត្រៀមរៀបចំសន្និសីទអាស៊ានស្តីអំពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌលើកទី៣ ដែលនឹងធ្វើឡើងក្នុងឆ្នាំ២០២២។
៦)-ឯកសារទស្សនាទានរបស់ប្រទេសម៉ាឡេស៊ីលើការផ្ទេរទណ្ឌិតអន្តរជាតិអាស៊ាន និងសំណើរបស់ប្រទេសហ្វីលីពីនលើអនុសញ្ញាអាស៊ានស្តីការផ្ទេរទណ្ឌិត។
៧)-ការពង្រឹងការជួយគ្នាទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណីនិងពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ាន។ ៨)-ការលើកជាអនុសាសន៍ក្នុងការបង្កើនចំនួនកិច្ចប្រជុំរបស់ឧត្តមមន្ត្រីច្បាប់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន។