ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ នាវិមានរដ្ឋសភា

             

           នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាវិមានរដ្ឋសភាជាតិ។

          សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក ១៨មាត្រា ដែលបានរៀបចំឡើង ដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសុខាភិបាល តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។ កន្លងមក រាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់កូវីដ-១៩ និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើករួចមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងឆ្នាំ២០២១ នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ ហើយបាន និងកំពុងបង្កការភ័យខ្លាច ភាពច្របូកច្របល់ផ្លូវចិត្ត ព្រមទាំងបណ្តាលឱ្យមានផលប៉ះពាលលើផ្នែក សុខភាពសាធារណៈ វិបត្តិសេដ្ឋកិច្ច និងសង្គមកិច្ច ។

         ក្រោយពីកិច្ចប្រជុំពិភាក្សាដេញដោលឆ្លើយឆ្លងយ៉ាងផុលផុសទាំង១៨មាត្រា រវាងតំណាងរាជរដ្ឋាភិបាល និងតំណាងរាស្ត្ររួចមក សភាពេញអង្គ បានអនុម័ត្រគាំទ្រដោយសម្លេងឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទាំងស្រុង ដោយឥតកែប្រែ ។

   រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។

        សេចក្តីព្រាងច្បាប់នេះ បានបង្កើតឡើងយ៉ាងឆាប់រហ័ស ស្របតាមសភាពការណ៍ជាក់ស្តែង នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបានជាមូលដ្ឋានគតិយុត្តដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ងាយស្រួលដល់ការគ្រប់គ្រង ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ។