ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជា...

      នារសៀល ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីស្ថានទូត ។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមទាំងពីរបានស្វែងយល់និងចែករំលែកព័ត៌មាន ក៏ដូចជាបទពិសោធ របស់ប្រទេសទាំងពីរនៅក្នុងបរិបទប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងប្រព័ន្ធតុលាការ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការស្តារនីតិសម្បទា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការស្ងើចសរសើរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថ្នាក់ដឹកនាំកំពូលដែលមានភាពប៉ិនប្រសប់ និងភាពឈ្លាសវៃក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងបានដឹកនាំប្រទេសសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចជាកាល តែងតែគាំទ្រសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចំពោះសំណើរចូលជាសមាជិកអាស៊ានទី១១។ ទនឹ្ទមនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏ថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងបង្ហាញនូវការរំពឹងទុកជាវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុខ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យវិនិយោគ និងវិស័យយុត្តិធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។