ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារទី៣ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)

              នារសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២, កិច្ចប្រជុំក្រុមការងារទី៣ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ ទាក់ទងនឹងការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារនេះ។

            កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើន និងពង្រឹងសមត្ថភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីបច្ចេកទេសសម្រាប់អនុវត្តក្នុងការស៊ើបអង្កេតសំណុំរឿងទាក់ទងនឹងបទល្មើសសម្អាតប្រាក់ ក៏ដូចជា ដាក់ចេញនូវយន្តការចម្រុះ និងបន្ទាន់សម្រាប់អនុវត្តដើម្បី ជំរុញការកសាងសំណុំរឿងទាក់ទងនឹងបទល្មើសសម្អាតប្រាក់ តាមវិស័យដែលមានបទល្មើសហានិភ័យ ឱ្យមានគុណភាព និងឱ្យបានឆាប់រហ័ស សំដៅបម្រើឱ្យការរៀបចំរបាយការណ៍របស់កម្ពុជាសម្រាប់ដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុនៅពេលខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា អង្គប្រជុំបានសម្រេចបែងចែកក្រុមការងារទទួលបន្ទុកតាមវិស័យទាំងនោះ ទៅតាមបទល្មើស រួមមាន បទល្មើសពាក់ព័ន្ធនឹងពន្ធដារ, គយនិងរដ្ឋាករ, បទល្មើសធនធានធម្មជាតិ, បរិស្ថាន និងព្រៃឈើ, បទល្មើសប្រឆាំងការជួញដូរមនុស្ស និង បទល្មើសទាក់ទងនឹងគ្រឿងញៀន, អំពើពុករលួយ និងឆបោក។