ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ «មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ»

           នៅរសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធឡើងនៅទីស្នាក់ការនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវីជ័យលាភីទាំង ៣៣ រូប ដែលបានទទួលកិត្តិយសជាប់ក្លាយជាក្រុមប្រឹក្សាគណៈមេធាវីថ្មី អាណត្តិទី១០ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាជាច្រើនដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដល់មេធាវីទាំងអស់ថា «មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ»។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មេធាវីគ្រប់រូបឱ្យគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហើយត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីការពារ និងលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវីផងដែរ។